សិក្ខាសាលាស្តីពីនីតិការងារក្នុងពិភពឌីជីថល៖ ករណីការងារពីចម្ងាយ និងការងារតាមថ្នាលបច្ចេកវិទ្យា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី និងថ្លែងបើកសិក្ខាសាលាស្តីពីនីតិការងារក្នុងពិភពឌីជីថល៖ ករណីការងារពីចម្ងាយ និងការងារតាមថ្នាលបច្ចេកវិទ្យា។
សិក្ខាសាលានេះ ត្រូវបានរៀបចំទ្បើងដោយ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្រ្តប្រចាំសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យលីយ៉ុង២ (Lumière Lyon II) នៃប្រទេសបារាំងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកនូវលទ្ធផលស្រាវជ្រាវរួមគ្នារបស់ក្រុមការងារស្រាវជ្រាវភាគីកម្ពុជា និងភាគីបារាំង ក្នុងគម្រោងដែលមានឈ្មោះថា ទន្លេសាប (PHC Tonlé Sap) ពាក់ព័ន្ធនឹងក្របខណ្ឌគតិយុត្តនៃការធ្វើការងារពីចម្ងាយ និងអ្នកធ្វើការងារតាមថ្នាលបច្ចេកវិទ្យានៅពេលបច្ចុប្បន្ន។


















