ពិធីបេីកវគ្គវិក្រឹត្យការគរុកោសល្យដល់គ្រូបង្គោលនៅតាមអង្គភាពជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
នារសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបេីកវគ្គវិក្រឹត្យការគរុកោសល្យដល់គ្រូបង្គោលនៅតាមអង្គភាពជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
វគ្គវិក្រឹត្យការនេះ រៀបចំទ្បើងក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិការងារ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយ:ពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៧-៣០ ខែមករាឆ្នាំ២០២៤ និងមានសិក្ខាកាមសរុបចំនួន ៦០នាក់ ស្រី១៣នាក់ ក្នុងគោលបំណងបំពាក់ចំណេះដឹងបន្ថែមផ្នែកគរុកោសល្យដល់សិក្ខាកាមដែលជាគ្រូបង្គោលនៅតាមអង្គភាពជំនាញ ឱ្យយល់កាន់តែស៊ីជម្រៅអំពីវិធីសាស្រ្តក្នុងការបង្រៀន និងសីលវិធីក្នុងការផ្ទេរចំណេះដឹងប្រកបដោយទេពកោសល្យ ភាពប៉ិនប្រសប់ និងវិជ្ជាជីវ:ច្បាស់លាស់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងមានមតិផ្តាំផ្ញេីមួយចំនួនដល់សិក្ខាកាមដូចខាងក្រោម÷
១. ឱ្យចូលរួមសិក្សាឱ្យបានទៀងទាត់ គោរពវិន័យ និងយកចិត្តទុកដាក់ចាប់យកខ្លឹមសារគន្លឹះពីការបង្រៀនរបស់គ្រូឧទ្ទេស
២.ចូលរួមឱ្យបានផុលផុសតាមរយ:ការលេីកជាសំណួរ កិច្ចពិភាក្សា និងចែករំលែកចំណេះដឹង ដេីម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក
៣.យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គនេះទៅប្រេីប្រាស់ និងពង្រីកការប្រេីប្រាស់ឱ្យចំគោលដៅ
៤.បន្តអភិវឌ្ឍន៍សមត្ថភាព និងធ្វេីបច្ចុប្បន្នភាពចំណេះដឹងរបស់ខ្លួនជាប្រចាំ។








