ពិធីបិទនិងប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារជូនដល់សហជីពមូលដ្ឋាន (វគ្គទី៤)

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទនិងប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារជូនដល់សហជីពមូលដ្ឋាន (វគ្គទី៤) នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយផ្តោតលើប្រធានបទចំនួន៨ រួមមាន៖ សេរីភាពអង្គការវិជ្ជាជីវៈ គំនិតនិងការងាររបស់សហជីពត្រឹមត្រូវ ការអនុវត្តកិច្ចសន្យាការងារ និងលក្ខខណ្ឌទូទៅនៃការងារ ការទូទាត់ប្រាក់បំណាច់និងអត្ថប្រយោជន៍ផ្សេងៗ របបសន្តិសុខសង្គម សេវាការងារនៃទីភ្នាក់ងារជាតិមុខរបរនិងការងារ ការដោះស្រាយកូដកម្មនិងបាតុកម្ម និងយន្តការក្នុងការដោះស្រាយវិវាទការងារ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តតួនាទីភារកិច្ចរបស់សហជីពប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ស្របតាមបទប្បញ្ញត្តិច្បាប់។ ក្នុងនោះ ឯកឧត្តមក៏បានបញ្ជាក់អំពីតួនាទីដ៏សំខាន់របសសហជីពមូលដ្ដានក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅថ្នាក់សហគ្រាសគ្រឹះស្ថាន។




