វគ្គបណ្តុះបណ្តាល ស្តីពី លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់សហជីពមូលដ្ឋាន (វគ្គទី៦)

480520882_633401969234296_8764625176670584971_n

វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់សហជីពមូលដ្ឋាន (វគ្គទី៦)។
(ក្រុងច្បារមន ខេត្តកំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម ដល់សហជីពមូលដ្ឋាន(វគ្គទី៦) ដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាននៅតាមរោងចក្រ សហគ្រាស ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង នៅបណ្ណាល័យកំពង់ស្ពឺ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងរយ:ពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ លើប្រធានបទសំខាន់ៗចំនួន៦ រួមមាន៖ គំនិតនិងការងាររបស់សហជីពត្រឹមត្រូវ ការអនុវត្តកិច្ចសន្យាការងារ និងលក្ខខណ្ឌទូទៅនៃការងារ ការទូទាត់ប្រាក់បំណាច់និងអត្ថប្រយោជន៍ផ្សេងៗ សេរីភាពអង្គការវិជ្ជាជីវៈ របបសន្តិសុខសង្គម និងយន្តការក្នុងការដោះស្រាយវិវាទការងារ ក្នុងគោលបំណង (១)លើកកម្ពស់ការយល់ដឹងអំពីការអនុវត្តតួនាទី ភារកិច្ចរបស់សហជីពក៏ដូចជាការអនុវត្ត សេរីភាពអង្គការវិជ្ជាជីវៈស្របតាមបទបញ្ញត្តិច្បាប់ដើម្បីការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិតសំដៅបន្តលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅថ្នាក់សហគ្រាសគ្រឹះស្ថាន និង (២)ចូលរួមចំណែកអនុវត្តយុទ្ធនាការជាតិ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។
ឯកឧត្តមអនុរដ្ឋលេខាធិការបានស្នើដល់បងប្អូនសហជីពដែលជាសិក្ខាកាមទាំងអស់ ចូលរួមយកចិត្តទុកដាក់ស្តាប់ ចាប់យកនូវខ្លឹមសារគន្លឹះពីការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានពុទ្ធិថ្មីៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការពារប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន ដែលខ្លួនតំណាង។
ជាកិច្ចបញ្ចប់ វគ្គបណ្តុះបណ្តាលបានរៀបចំពិធីប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យ។