វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកវគ្គបណ្តុះបណ្តាលស្តីពី “លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ”
នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកវគ្គបណ្តុះបណ្តាលស្តីពី “លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ” ដោយផ្តោតសំខាន់លើ កិច្ចសន្យាការងារ, ការទូទាត់ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងៗ, នីតិវិធីនៃការដោះស្រាយវិវាទការងារ និងរបបសន្តិសុខសង្គម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមដល់អ្នកគ្រប់គ្រងរដ្ឋបាលរោងចក្រ សហគ្រាស ចំនួន ១៧០នាក់ សំដៅធ្វើឱ្យការអនុវត្តលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងរបបសន្តិសុខសង្គមកាន់តែមានភាពល្អប្រសើរឡើង។
ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថាការបណ្តុះបណ្តាលច្បាប់ និងលិខិតបដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គមជូនដល់បងប្អូនដែលជាអ្នកគ្រប់គ្រងរដ្ឋបាលរោងចក្រ សហគ្រាស គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមលើកកម្ពស់វប្បធម៌អនុលោមភាព កាត់បន្ថយវិវាទការងារនៅថ្នាក់សហគ្រាស គ្រឹះស្ថាន និងធ្វើឱ្យប្រសើរទ្បើងនូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”។ ជាងនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់បទបង្ហាញ និងលើកជាសំណួរឱ្យបានផុសផុលដល់គ្រូឧទ្ទេសរបស់ក្រសួង ដែលមានចំណេះ ជំនាញច្បាស់លាស់ និងបទពិសោធន៍ការងារទូលំទូលាយក្នុងវិស័យនេះ។








