ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។
(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការរៀបចំវគ្គបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្តីពី“គោលនយោបាយឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន (១)បរិវត្តកម្មរដ្ឋាភិបាលឌីជីថល ៖ ស្ថានភាពបច្ចុប្បន្ន និងផ្លូវឆ្ពោះទៅអនាគត (២) សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និង (៣) វិធានគោលនយោបាយឌីជីថលនានាពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណង (១)ផ្សព្វផ្សាយអំពីក្របខណ្ឌគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាលជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការឱ្យយល់កាន់តែច្បាស់ និងជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តក្នុងវិស័យការងារ (២) ពង្រឹងការអនុវត្តគោលនយោបាយឌីជីថលក៏ដូចជាជំរុញបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ (៣)ដើម្បីបន្តលើកកម្ពស់សមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ពាក់ព័ន្ធនឹងគោលនយោបាយឌីជីថល។