វគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការសកម្មភាព និងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨

វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការសកម្មភាព និងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនការសកម្មភាព និងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា នេះ គឺជាលើកទី១ ដែលគ្រប់អង្គភាពពាក់ព័ន្ធនៅថ្នាក់កណ្តាលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមវគ្គបណ្តុះបណ្តាលលើប្រធានបទខាងលើ សំដៅចូលរួម និងពង្រឹងការអនុវត្ត យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ឱ្យកាន់តែមានប្រសិទ្ធភាព និងសកម្មជាងមុន ទៅតាមទម្រង់បែបបទ និងប្រព័ន្ធច្បាស់លាស់មួយ ដែលជាឧត្ដមានុវត្តន៍ទាំងក្នុង និងក្រៅប្រទេស ស្របពេលដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់ និងផ្ដោតអាទិភាពជាសំខាន់លើការងារតាមដាន និងវាយតម្លៃ ទាំងក្នុងកម្រិតថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងតាមវិស័យដែលដឹកនាំដោយក្រសួង ស្ថាប័ននីមួយៗ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ផែនការយុទ្ធសាស្ត្រនេះ គឺឯកសារគោល និងជាផែនទីបង្ហាញផ្លូវដែលបង្ហាញនូវចក្ខុវិស័យ និងគោលបំណងរួមរបស់ក្រសួង ដោយបានកំណត់នូវយុទ្ធសាស្ត្រ កម្មវិធី ចង្កោមសកម្មភាព និងសកម្មភាពជាក់លាក់ សម្រាប់ថ្នាក់ដឹកនាំអង្គភាព និងជាមន្ត្រីជំនាញ ត្រូវដើរតួជាប្រតិបត្តិករក្នុងអនុវត្តសកម្មភាពទាំងនោះឱ្យសម្រេចបានតាមគោលដៅ និងក្របខណ្ឌពេលវេលាដែលបានកំណត់។ ទន្ទឹមនេះ បើទោះជាមានផែនការយុទ្ធសាស្ត្រល្អយ៉ាងណាក៏ដោយ ប្រសិនបើគ្មានការរៀបចំផែនការអនុវត្ត និងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ នោះផែនការយុទ្ធសាស្រ្តរបស់យើង គឺគ្រាន់តែជាឯកសារមួយក្បាល ដែលធ្វើឱ្យសំណុំនៃសេចក្តីប្រាថ្នាឬគោលបំណងទាំងនោះ មានត្រឹមតែនៅលើក្រដាសឬក្នុងក្ដីស្រមៃប៉ុណ្ណោះ។ ផ្ទុយទៅវិញតាមរយៈការរៀបចំផែនការអនុវត្ត និងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ប្រកបដោយភាពច្បាស់លាស់ អាចអនុវត្តបាន និងវាស់វែងបាន នាំឱ្យយើងអាចបំប្លែងសេចក្តីប្រាថ្នាទាំងនេះទៅជាលទ្ធផលជាក់ស្តែងយ៉ាងពិតប្រាកដ៕