វគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការធ្វើអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យ»

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការធ្វើអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យដល់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់ណ្តាលនិងមន្ទីរការងាររាជធានី-ខេត្ត

ភ្នំពេញ៖ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីនៃការធ្វើអធិការកិច្ចការងារពិសេស និងការកសាងសំណុំរឿងផាកពិន័យ» សម្រាប់មន្ត្រីអធិការកិច្ចការងារនៅថ្នាក់កណ្តាលនិងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីខេត្តទាំង២៥ ដែលធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អុិន ខេមរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ជាពិសេសការធ្វើអធិការកិច្ចការងារពិសេស និង ការកសាងសំណុំរឿងផាកពិន័យឱ្យកាន់តែមានប្រសិទ្ធភាព វីជ្ជាជីវៈ និងលក្ខណៈបច្ចេកទេស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អុិន ខេមរា បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះដើម្បីជម្រុញប្រសិទ្ធភាពការងាររបស់មន្ត្រីអធិការកិច្ចការងារបន្ថែមទៀត។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់សិក្ខាកាមទាំងអស់៖

  1. យកចិត្តទុកដាក់ស្តាប់ និងចាប់យកនូវខ្លឹមសារបច្ចេកទេសពីការធ្វើបទបង្ហាញ
  2. លើកអំពីបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែងដើម្បីពិភាក្សានិងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព
  3. អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាមន្ត្រីអធិការកិច្ចការងារប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងសៀវភៅគោលការណ៍ណែនាំស្តីពីអធិការកិច្ចការងារ ដែលជាគោលការណ៍គ្រឹះសម្រាប់មន្ត្រីអធិការកិច្ចការងារត្រូវអនុវត្ត
  4. បន្តអភិវឌ្ឍសមត្ថភាពខ្លួនឱ្យក្លាយជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយសមត្ថភាព បុរេសកម្ម និងការទទួលស្គាល់ពីភាគីពាក់ព័ន្ធ
  5. បន្តចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ។