វិទ្យាស្ថានជាតិការងារ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារដល់សហជីពមូលដ្ឋាន

នាព្រឹកថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារបានបើកវគ្គបណ្តុះបណ្តាលស្តីពី លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារដល់សហជីពមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តោតលើប្រធានបទចំនួន៦រួមមាន៖ សេរីភាពអង្គការវិជ្ជាជីវៈ គំនិតនិងការងាររបស់សហជីពត្រឹមត្រូវ ការអនុវត្តកិច្ចសន្យាការងារ និងលក្ខខណ្ឌទូទៅនៃការងារ ការទូទាត់ប្រាក់បំណាច់និងអត្ថប្រយោជន៍ផ្សេងៗ របបសន្តិសុខសង្គម និងយន្តការក្នុងការដោះស្រាយវិវាទការងារ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តតួនាទីភារកិច្ចរបស់សហជីពក៏ដូចជាការអនុវត្តសេរីភាពអង្គការវិជ្ជាជីវៈស្របតាមបទបញ្ញត្តិច្បាប់ដើម្បីការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិតសំដៅបន្តលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅថ្នាក់សហគ្រាសគ្រឹះស្ថាន។










