វគ្គបណ្តុះបណ្តាលស្តីពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារដល់សហជីពមូលដ្ឋាន (វគ្គទី៤)

480143166_632219112685915_3221105748872906641_n

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តរៀបចំវគ្គបណ្តុះបណ្តាលជូនដល់សហជីពមូលដ្ឋាន

នាព្រឹកថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារបានបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារដល់សហជីពមូលដ្ឋាន (វគ្គទី៤) នៅសាល A ក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដោយផ្តោតលើប្រធានបទចំនួន៨ រួមមាន៖ សេរីភាពអង្គការវិជ្ជាជីវៈ គំនិតនិងការងាររបស់សហជីពត្រឹមត្រូវ ការអនុវត្តកិច្ចសន្យាការងារ និងលក្ខខណ្ឌទូទៅនៃការងារ ការទូទាត់ប្រាក់បំណាច់និងអត្ថប្រយោជន៍ផ្សេងៗ សេវាការងាររបស់ទីភ្នាក់ងារជាតិនិងមុខរបរ របបសន្តិសុខសង្គម ការដោះស្រាយកូដកម្មនិងបាតុកម្មខុសច្បាប់ និងយន្តការក្នុងការដោះស្រាយវិវាទការងារ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តតួនាទីភារកិច្ចរបស់សហជីព ស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នៅក្នុងកិច្ចសំណេះសំណាលជាមួយសិក្ខាកាម ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកទ្បើងអំពីសារសំខាន់នៃសហជីពមូលដ្ឋានក្នុងការការពារ លើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍របស់កម្មករនិយោជិត ការរក្សាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ សំដៅប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការយុទ្ធសាស្រ្តរបស់ក្រសួង។