វគ្គបណ្តុះបណ្តាលស្តីពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារដល់សហជីពមូលដ្ឋាន (វគ្គទី៥)

នៅថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារដល់សហជីពមូលដ្ឋាន (វគ្គទី៥) នៅសាល A ក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តតួនាទីភារកិច្ចរបស់សហជីព ឱ្យស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ នេះ ផ្តោតលើប្រធានបទចំនួន៨ រួមមាន៖ សេរីភាពអង្គការវិជ្ជាជីវៈ គំនិតនិងការងាររបស់សហជីពត្រឹមត្រូវ ការអនុវត្តកិច្ចសន្យាការងារ និងលក្ខខណ្ឌទូទៅនៃការងារ ការទូទាត់ប្រាក់បំណាច់និងអត្ថប្រយោជន៍ផ្សេងៗ សេវាការងាររបស់ទីភ្នាក់ងារជាតិនិងមុខរបរ របបសន្តិសុខសង្គម ការដោះស្រាយកូដកម្មនិងបាតុកម្មខុសច្បាប់ និងយន្តការក្នុងការដោះស្រាយវិវាទការងារ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទ្បើងអំពីអត្ថប្រយោជន៍នៃការចូលរួមវគ្គបណ្តុះបណ្តាលជួយឱ្យសិក្ខាកាមដែលជាថ្នាក់ដឹកនាំសហជីពទទួលបាននូវចំណេះដឹងដែលអាចយកទៅអនុវត្ត និងចែករំលែកបន្តទៅសមាជិករបស់ខ្លួន (អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ) ជួយពង្រឹងអនុលោមភាពតាមច្បាប់ និងយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ច ក៏ដូចជាជួយសម្របសម្រួលឱ្យការដោះស្រាយវិវាទការងារនៅមូលដ្ឋានសហគ្រាស គ្រឹះស្ថានទទួលបានជោគជ័យ រក្សាបាននូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
ជាកិច្ចបញ្ចប់ វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំពិធីប្រគល់វិញ្ញាបនប័ត្រដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមប្រកបដោយជោគជ័យ។












